សេដ្ឋកិច្ច

បង្កើត​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ទាក់ទាញ​វិនិយោគិន​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី “​ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​”​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឱ្យមក​វិនិយោគ​និង​គ្រោង​បង្កើត​ឱ្យបាន​យ៉ាងតិច​៣​កន្លែង ត្រឹម​ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​។​

​លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹងចូលរួម​ចំណែក​ទា​ក់​ទាញ​វិនិយោគិន ធុរជន និង​បុគ្គល​មានគំនិត​បង្កើត​ថ្មី និង​នវានុវត្តន៍​ថ្មីៗ ដើម្បី​ចូលរួម​បណ្តាក់ទុន និង​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា តាមរយៈ​ការ​ចូលមក​វិនិយោគ​ក្នុង​សួន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ត្រូវបាន​រំពឹងថា​នឹង​អាច​ផ្ទេរ​បច្ចេកវិទ្យា និង​វិទ្យា​សាស្ត្រ​​ក្នុងស្រុក​។​

​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​អន្តរក្រសួង​-​ស្ថាប័ន សាកលវិទ្យាល័យ និង​វិស័យ​ឯកជន បាន​ត្រូវធ្វើឡើង​ដើម្បី​ពិនិត្យ កែសម្រួល​និង​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។៕ដោយៈផាវី