សេដ្ឋកិច្ច

គយ ហាមឃាត់​ការនាំ​ចូល​ផលិតផល​មី​កញ្ចប់​និង​ការ៉េមមកពីប្រទេសចំនួនបីដែលសង្ស័យថា​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ដល់​សុខភាព​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចាត់វិធានការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​មី​កញ្ចប់ និង​ការ៉េម ដែល​សង្ស័យថា​មាន​ផ្ទុក​សារធាតុ​​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​អាច​បង្ក​ហានិភ័យ​ផ្នែក​សុខភាព​ដល់​អ្នកប្រើប្រាស់​។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ថ្មីៗ​នេះ អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ របស់​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​រកឃើញ​លើ​ផលិតផល​មី​កញ្ចប់ និង​ការ៉េម​មួយចំនួន មាន​ផ្ទុក​សំណល់ សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​សហភាព​អឺរ៉ុប អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុក ថា​ជា​សារធាតុ​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក​ចំពោះ​អ្នកប្រើប្រាស់​។​

​ក្នុងន័យនេះដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារនិង​ការពារ​សុខុមាលភាព​អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានធ្វើ​ការណែនាំ​បណ្តោះអាសន្ន​មួយចំនួន​គឺ​ចាប់ពី​ថ្ងៃទី​១ខែសីហា ឆ្នាំ​២០២២ តទៅ រាល់​ការ​នាំចូល​ទំនិញ​ជា​មី​កញ្ចប់​​ម៉ាក “Lucky. Me!” ផលិត​នៅ ប្រទេស​ថៃ​, មី​កញ្ចប់​ម៉ាក “Háo Hão” ផលិត​នៅ​ប្រទេស​វៀតណាម និង​ការ៉េម​ម៉ាក “Häagen-Dazs” (Vanilla) ផលិត​នៅ​ប្រទេស​បារាំង ។

ដោយឡែក ចំពោះ​ទំនិញ​ដែល​មកដល់​ដែន​គយ​មុន​ថ្ងៃទី​១ ខែសីហាឆ្នាំ​២០២២អ្នក​នាំចូល​​ត្រូវ​ដក​សំណាក​ទំនិញ​ធ្វើការ​វិភាគ​សារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែងនិង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម មុនពេល​​​អនុញ្ញាតឱ្យ​បញ្ចេញ​ទំនិញ​ពី​គយ​។ នាយកដ្ឋាន​សវនកម្ម​គយ​ត្រូវធ្វើ​ការតាមដាន​និង​វាយតម្លៃ​ហានិភ័យ​លើ​ផលិតផល​ទាំងនេះ​ជាប្រចាំ​ដើម្បី​លើក វិធានការ​អនុវត្ត​ឱ្យបាន​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​។​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​ព័ត៌​មា​ន​​និង​ទិន្នន័យ​ដែល​ប្រកាស​ក្នុង​ឯកសារ ជាមួយនឹង​ទំនិញ​ជាក់ស្ដែង​ដើម្បី​ជៀសវាង​ការបន្លំ​នាំចូល​ដោយ​គេចវេស​ពី​វិធានការ​ខាងលើ​ជាយថាហេតុ​៕ដោយ៖សិរីមតី