ភ្នំពេញ៖ក្រុមហ៊ុនខេមជេដ អេស៊ា Cam-Jade Asia (ASH) ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់វេជ្ជសាស្ត្រអន្តរជាតិមានរៀបចំ និង បញ្ជូនអ្នកជំងឺទៅគ្រប់មន្ទីរពេទ្យ និង គ្រប់ប្រទេស កាលពីព្រឹកថ្ងៃទី៣០ខែកក្កដា បានចុះហត្ថលេខា ជាមួយមន្ទីរពេទ្យបន្ថែមមួយទៀតមកពីឥណ្ឌា គឺមន្ទីរពេទ្យ BLK-MAX Super Speciality Hospital ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី និងមាន ១៦ សាខាក្នុងប្រទេសឥណ្ឌា។
កិច្ចសហការគ្នានេះ មានគោលបំណងនាំយកនូវបច្ចេកវិទ្យាព្យាបាលជំងឺធ្ងន់ៗ និង រ៉ាំរ៉ៃមួយចំនួនដូចជាជំងឺខូចតម្រងនោម ជំងឺក្រិនថ្លើម មហារីកថ្លើមនិងមហារីសួតជាដើមដោយក្នុងនោះវេជ្ជបណ្ឌិតឯកទេសនីមួយៗមកធ្វើការបកស្រាយផ្ទាល់ដើម្បីចែករំលែកជាបទពិសោធន៍ក៏ដូចជាចំណេះដឹងទូទៅផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាការចូលរួមលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយជាពិសេសចំណេះដឹងផ្នែកវេជ្ជសាស្ត្រទំនើបនៅតាមតំបន់និងប្រទេសជិតខាង។
តាមរយៈអនុស្សរណៈយោគយល់រវាងស្ថាបន័វេជ្ជសាស្ត្រទាំងពីរ ក្រុមហ៊ុន Cam-Jade Asia បានទទួលការផ្តល់សិទ្ធិផ្តាច់មុខជាការិយាលយ័តំណាងរបស់មន្ទីរពេទ្យឥណ្ឌាប្រចាំនៅកម្ពុជា BLK-MAX Super Speciality Hospital ។
លោកស្រី ពិន នេត្រា ស្ថាបនិកនិងអគ្គនាយិការបស់ ASH បានមានប្រសាសន៍ថា៖« គោលបំណងតែមួយគត់គឺយើងចង់ផ្តល់ដំណោះស្រាយជូនអ្នកជំងឺ និង ក្រុមគ្រួសារ ពេលពួកគាត់ជួបវិបត្តិសុខភាព ។ ភាពច្បាស់លាស់ មានតម្លាភាព បូកផ្សំជាមួយបទពិសោធន៍ប្រមាណ ២០ ឆ្នាំមកនេះ យើងសង្កេតឃើញថា ជំងឺធ្ងន់ៗ និងភាពស្មុគស្មាញ មានអត្រាកើនឡើងជាបន្តបន្ទាប់ដូចនេះការស្រាវជ្រាវរកមន្ទីរពេទ្យល្បីៗនិងមានជំនាញច្បាស់លាស់កាន់តែមានសារៈសំខាន់ »។
លោកស្រី បានមានប្រសាសន៍បន្តថា៖ការចាប់ដៃគូសហការជាមួយមន្ទីរពេទ្យ BLK-MAX ប្រទេសឥណ្ឌាដោយសារតែមន្ទីរពេទ្យ មានអ្នកជំនាញឯកទេសល្បីៗនិងមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែកវះកាត់ជំងឺខូចតម្រងនោម ជំងឺក្រិនថ្លើម និងការវះកាត់ព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងខណៈពេលដែលប្រជាពលរដ្ឋកម្ពជាមួយចំនួនធំកំពុងប្រឈមជាមួយជំងឺមហារីកគួរឱ្យព្រួយបារម្ភ។
លោកស្រី ពិន នេត្រា បានបញ្ជាក់ទៀតថាការសហការនេះក៏ដើម្បីជួយជំរុញដល់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់និងផ្តល់ភាពងាយស្រួលដល់អ្នកជំងក្នុងការទទួលយកពត៌មាន ពីសេវាវេជ្ជសាស្ត្រ បែបទំនើបរបស់ប្រទេសឥណ្ឌា ។
ក្នុងឱកាសនោះដែរ លោក Kham Moez ប្រធានផ្នែកទីផ្សាអន្តរជាតិរបស់មន្ទីរពេទ្យ BLK Max បានមានប្រសាសន៍ថា៖ក្រុមប្រឹក្សាអន្តរជាតិរបស់មន្ទីរពេទ្យ BLK-MAX Super Speciality Hospitalបានសំរេចជ្រើសតាំងក្រុមហ៊ុន ខេមជេដអេស៊ា ដែលមានម៉ាកថា ASH-Charter ជាការិយាល័យតំណាងមន្ទីរពេទ្យ BLK-Max តែមួយគត់ប្រចាំនៅប្រទេសកម្ពុជា។មូលហេតុដែលសម្រេចជ្រើសរើសCam-Jade Asia ដោយសារយើបានសំលឹងឃើញពីសក្តានុពលរបស់ក្រុមហ៊ុននិងបទពិសោធន៍ជាច្រើនឆ្នាំប្រកបដោយវិជ្ជាជីវៈ ដែលយើងមានទំនុកចិត្តនិងផ្តល់ភាពងាយស្រួល ក៏ដូចជាការពង្រឹង សេវាវេជ្ជសាស្ត្រ ទេសចរណ៍ប៉ែកខាងជើងនៃប្រទេស ឥណ្ឌា ជូនប្រជាជនកម្ពុជាដែលកំពុងប្រឈមនូវជំងឺរ៉ាំរ៉ៃមួយចំនួន។
នៅក្នុងពិធីចុះហត្ថលេខានោះដែរ វេជ្ជបណ្ឌិតឥណ្ឌាល្បីៗពីររូបមកពីមន្ទីរពេទ្យ BLK-MAX Super Speciality Hospital បានចែករម្លែកចំណេះដឹងពីជំងឺខូចក្រលៀនរ៉ាំរ៉ៃ ការការពារ និងការព្យាបាលជំងឺមហារីក និងការព្យាបាលជំងឺមហារីកបែបទំនើប ៕ដោយៈសិរីមតី