ភ្នំពេញ៖ស្ត្រីម្នាក់សង្ស័យលោតពីអគារស្កាយទ្រី (SkyTree) ជាន់ទី២៥ អាចមកពីមានវិបត្តិ ផ្លូវចិត្តនិងជំងឺ depression ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីយប់ ថ្ងៃទី២៩ ខែកក្កដា។
សាច់ញាតិរបស់ស្ត្រីធ្វើអត្តឃាតបានឱ្យដឹងថា នាងឈ្មោះមួយ ទៀង អាយុ២២ឆ្នាំ មានបងប្អូន៣នាក់ (ស្រីទាំង៣)។នាងគឺជាកូនស្រីច្បងក្នុងគ្រួសារ ម្តាយរបស់នាង បានស្លាប់កាលពី៤ឆ្នាំមុន។ឪពុកជាអ្នករត់ផាស្អេបនិងជាសន្តិសុខក្នុងក្រុមហ៊ុន ឯកជនមួយ។នាងជាអ្នកលក់ឡេតាមអនឡាញ និងមានជំងឺ depression ។
មុនកើតហេតុ នាងបានឈ្លោះប្រកែកជាមួយសង្សាររបស់នាងតាមទូរសព្ទ។នៅពេលនោះសង្សាររបស់នាងបាននិយាយទូរសព្ទទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូដើម្បីឱ្យទៅជួយមើលនាង។តែបន្ទប់របស់នាងត្រូវបានចាក់សោបិទជិត។មួយសន្ទុះក្រោយមកនាងក៏លោតទម្លាក់ខ្លួនចុះមកក្រោមបណ្តាលឱ្យស្លាប់តែម្ដង។ក្រោយកើតហតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះស៊ើបអង្កេតពាក់ព័ន្ធការធ្លាក់របស់ស្ត្រីម្នាក់នេះ ហើយបានសន្និដ្ឋានថា នាងពិតជាលោតសម្លាប់ខ្លួនឯងពីជាន់ទី២៥ ប្រាកដមែន៕
ដោយ៖វិចិត្រ