កំពត៖អ្នកភូមិបានរកឃើញសពក្មេងស្រី២នាក់ក្រោយបាត់ខ្លួនប្រហែលមួយម៉ោង ដោយសាររអិលជើងធ្លាក់ក្នុងរណ្តៅដីមួយកន្លែងក្បែររោងចក្រផលិតស៊ីម៉ងត៍ខេស៊ីមេន។
ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះ ស្ថិតនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ទាំង២នាក់មានឈ្មោះម៉ៅ ស្រីទិត្យ អាយុ ១៦ឆ្នាំនៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស។ឈ្មោះមុំ បូរមី អាយុ ១៤ឆ្នាំនៅភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ខេត្តកំពត។ក្មេងប្រុសរួមដំណើរ បានប្រាប់សមត្ថកិច្ចថា នៅម៉ោងជាង២រសៀល ថ្ងៃទី២៩នេះ ពួកគេនាំគ្នាដើរលេងដល់ រណ្តៅដីក្បែរជើងភ្នំ។ពេលនោះមានម្នាក់ចុះលាងជើង ហើយចៃដន្យបានរអិលដួល ចូលទឹក។
ភ្លាមៗម្នាក់ទៀតបានស្ទុះទៅចាប់ដៃតែទាញឡើងមិនរួច ទើបរអិលធ្លាក់ទៅជាមួយគ្នា លង់លិចតែម្តង។ប្រហែលមួយម៉ោងក្រោយមកបន្ទាប់ពីក្មេងប្រុសស្រែកហៅគេឯងមកជួយ ទើបអ្នកភូមិរាវរកសពទាំង២នាក់ឃើញនៅបាតរណ្តៅ។សមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់របស់ក្មេងស្រីទាំង២នាក់នេះមិនមែនជាអំពើឃាតកម្មឡើយ៕
ដោយ៖កំចាយ