កម្សាន្ដ

សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កំពុងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ

សៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ នៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប កំពុងរៀបចំផ្ទះស្នាក់នៅ បណ្តោះអាសន្ន ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលមានបំណងទៅទស្សនាព្រៃសហគមន៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលនៅតំបន់ដាច់ស្រយាលនោះឡើងវិញ បន្ទាប់ពីជំងឺកូវីដ-19 បានស្ងប់ស្ងាត់ទៅ។

អ្នកស្រី ឈាត់ មាលី រស់នៅភូមិរំដេង ឃុំខ្នារពោធិ៍ ជាតំណាងប្រជាសហគមន៍ឱ្យដឹងថា ប្រជាពលរដ្ ឋប្រមាណជិត២០គ្រួសារ ដោយមានការគាំទ្រពីសហគមន៍ផងនោះ កំពុងក្លាយខ្លួនជាម្ចាស់ផ្ទះស្នាក់ សម្រាប់ទទួលភ្ញៀវទេសចររយៈពេលប្រមាណជាង២ឆ្នាំមកហើយ។ អ្នកស្រីបន្តថា សេវាកម្មផ្ទះស្នាក់នៅសហគមន៍របស់គាត់អាចឱ្យភ្ញៀវទៅសម្រាកលំហែបាន ទោះបីជាមិនមានការរៀបចំឱ្យបានល្អប្រណីតដូចនៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ ក៏ដោយ តែផ្ទះស្នាក់នៅសហគមន៍ មានបន្ទប់ទឹកបង្គន់អនាម័យស្អាត មានខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ស្អាត សេវាម្ហូបអាហារប្រចាំតំបន់ឆ្ងាញ់ពិសា។

តម្លៃផ្ទះស្នាក់នៅរបស់សហគមន៍នោះ គឺសមរម្យ ដោយមួយយប់ថ្លៃ៥ដុល្លារ ម្ហូបព្រឹកថ្លៃ៣ដុល្លារ ម្ហូបពេលថ្ងៃត្រង់ថ្លៃ៦ដុល្លារនិងម្ហូបពេលល្ងាចថ្លៃ៦ដុល្លារក្នុងម្នាក់ៗ។

អ្នកស្រីឈាត់ មាលី ឱ្យដឹងទៀតថា បន្ទាប់ពីខកខានទទួលភ្ញៀវទេសចរ ដែលទៅកម្សាន្តនិងស្នាក់នៅមួយរយៈ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩មក  បច្ចុប្បន្ននេះសហគមន៍បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាថ្មី។

ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលមានទំហំផ្ទៃដី១០២២ហិកតា បានក្លាយជាគោលដៅ​ដ៏ទាក់ទាញភ្ញៀវទេសចរជាច្រើនឆ្នាំមកហើយ ក្រោយពីមានការរៀបចំ ឱ្យមានសោភ័ណភាពស្រស់ស្អាត ដែលធ្វើឱ្យសហគមន៍នេះមិនត្រឹមតែជាតំបន់ការពារព្រៃឈើប៉ុណ្ណោះទេ គឺវាថែមទាំងផ្ដល់​អនុផលព្រៃឈើជាច្រើន ដល់ប្រជាពលរដ្ឋថែមទៀតផង។

ភ្ញៀវទេសចរដែលទៅទស្សនាព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ក្រៅតែពីអាចដើរទស្សនា ជីវភាពរស់នៅប្រចាំថ្ងៃក្នុងសហគមន៍ ដោយមានសិប្បកម្មផលិតអំបោស ផលិតស្ករត្នោត ក៏អាចចូលព្រៃ រកអនុផលព្រៃឈើ មានផ្លែឈើព្រៃ ដើរដកផ្សិតឈើ ឬក៏ទៅមើលផ្កាព្រៃ ដែលមានតាម​រដូវកាលជាដើម។

ភ្ញៀវទេសចរ ដែលទៅទស្សនាតំបន់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក៏អាចសម្រេចចិត្ត​ក្នុងការបន្តស្នាក់នៅជាច្រើនថ្ងៃបាន ដើម្បីដើរទស្សនាសម្រស់ព្រៃឈើនិងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានផ្ទះស្នាក់(Home Stay)ផងដែរ បន្ទាប់ពី ប្រជាសហគមន៍បានរួមគ្នាបង្កើតជាសេវាកម្ម​ផ្ទះស្នាក់និងម្ហូបអាហារប្រចាំតំបន់យ៉ាងឆ្ងាញ់ពិសា ដើម្បីបម្រើសេវាបំពេញតាមបំណងឱ្យភ្ញៀវ អាចបន្តការទស្សនាបានគ្រប់ជ្រុងជ្រោយ ហើយក៏អាចបង្កើតការងារ ឱ្យអាចរកប្រាក់ចំណូល​ដល់ប្រជាសហគមន៍ផងដែរ៕